ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសកាណាដា និង លោក ស្តេហ្វាន់ ប៊កណា អគ្គនាយកមូលនិធិ MJP ចូលជូបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ច័ន្ទសុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង


ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី ២៦​ ខែ ឧសភា ឆ្នាំ២០១៥ ឯកឧត្តម ច័ន្ទសុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងជូបពិភាក្សាការងារជាមួយឯកឧត្តម ខាល់ វើត ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ។ ក្នុងនោះក៏មានការចូលរួមពី ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង លោកប្រធានមន្ទីរ បរិស្ថានខេត្ត លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និង មន្ត្រីជំនាញសាលាខេត្តបាត់ដំបងផងដែរ ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសកាណាដាដែលបានជូបពិភាក្សាការងារនឹងសហការគាំទ្រកិច្ចការងារការពារ និងអភិរក្សបរិស្ថាន ធម្មជាតិ ជីវៈចម្រុះនៅក្នុងខេត្តបាត់ដំបងជាពិសេសតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ។ ឯកឧត្តមបានមានប្រសាសន៍

ទៀតថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ដែលមាន សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  ខេត្តបាត់ដំបងបានយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការងារការពារ និងអភិរក្សបរិស្ថាន និង ធនធានធម្មជាតិ ។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានធ្វើការសំណូមពរដល់ ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសកាណាដា សុំឲ្យមានការសហការ និងជួយគាំទ្រនៅក្នុងគម្រោងការពារ និងអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ជាបន្តទៀត ។

ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសកាណាដាបានមានប្រសាសន៍ថា នេះជាលើកដំបូងដែល      ឯកឧត្តមបានមកដល់ ខេត្តបាត់ដំបង ហើយខេត្តបាត់ដំបងមានបរិស្ថានល្អ នឹងគូរឲ្យចង់រស់នៅ ។    ហើយឯកឧត្តម នឹងជួយជម្រុញដល់វិនិយោគិន នៃប្រទេសកាណាដាឲ្យមកវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសខេត្តបាត់ដំបង ។

 

IMG_1244 IMG_1249 IMG_1248 IMG_1245 IMG_1259 IMG_1262